Home

Welcome to my blog!

Travelling is not about wasting money but it is happiness.

love travelling

Latest from the Blog

ក្រែមក្រហម

រាល់ពេលដែលខ្ញុំចុះបំពេញការងារនៅតាមខេត្ត ខ្ញុំតែងតែជួបរឿងរ៉ាវប្លែករហូត។ រឿងរ៉ាវនីមួយៗមិនងាយភ្លេចនោះទេ ទើបថ្ងៃនេះខ្ញុំសម្រេចចិត្តទម្លាយចេញឲ្យអ្នកទាំងអស់គ្នាបានដឹង។ កាលពីខែ១២ កន្លងទៅខ្ញុំបានចុះបំពេញការងារនៅខេត្តពោធិ៍សាត់។ ខ្ញុំខំស្វែងរកសណ្ធាគារដែលមានតម្លៃសមរម្យ និងបន្ទប់សមរម្យតែពិបាកដោយសារក្នុងកំឡុងពេលកូវីដសណ្ធាគារ និងផ្ទះសំណាក់បិទច្រើន។ ខ្ញុំរកឃើញសណ្ធាគារមួយដែលមានតម្លៃសមរម្យហើយនៅជិតកន្លែងខ្ញុំធ្វើការ។ ពេលចូលទៅដល់ ខ្ញុំមានអារម្មណ៍ប្លែកព្រោះគ្រឿងសង្ហារឹមទាំងអស់នៅទីនោះសុទ្ធតែឈើហើយមានក្បាច់ទាំងអស់។ ខ្ញុំបានសួររកបន្ទប់ដើម្បីសម្រាក ហើយអ្នកទទួលភ្ញៀវក៏នាំខ្ញុំទីសម្រាកនៅជាន់ទី៣។ នៅក្នុងបន្ទប់នោះគ្រឿងសង្ហារឹមដូចជាតុ ទូសម្អាង ទូខោអាវ និងគ្រែសុទ្ធតែឈើ និងមានឆ្លាក់ជាក្បាច់ដូចកាលពីជំនាន់មុន។ ការរៀបចំបន្ទប់នោះគឺដូចសណ្ធាគារកាលជំនាន់ឆ្នាំ២០០០ សូម្បីទូរទូស្សន៍ក៏នៅប្រើប្រភេទទូរទស្សន៍ក្រាស់ដូចកាលពីសម័យនោះដែរ។ រាងល្ងាចម៉ោងប្រហែល៦ ខ្ញុំបានលាបក្រែមបន្តិចរួចចេញទៅរកអីហូប។ ម៉ោង៧ខ្ញុំត្រឡប់មកវិញឃើញថាសភាពសណ្ធាគារនោះស្ងាត់ មិនសូវមានភ្ញៀវចេញចូល ហើយនិងមានតែអ្នកទទួលភ្ញៀវម្នាក់ប៉ុណ្ណោះ។ ដោយសារជិះមកពីភ្នំពេញអស់កម្លាំង ខ្ញុំក៏ងូតទឹកហើយគេងលក់មួយស្របក់ធំ។ ខ្ញុំដឹងខ្លួនប្រហែលម៉ោង១យប់ ស្រាប់តែឃើញកញ្ចក់ទូរសម្អាងនៅក្បែរគ្រែចុងជើង មានស្នាមក្រែមក្រហមគូសវាសពេញ។ ពេលចូលមកខ្ញុំអត់ចាប់ថាមានស្នាមក្រែមឬអត់ព្រោះអស់កម្លាំងពេក។ ខ្ញុំដើរទៅជិតបម្រុងនឹងយកក្រដាសជូតមាត់ជូតចេញ ស្រាប់តែស្នាមនោះរលុបអស់ ខ្ញុំតក់ស្លុតយ៉ាងខ្លាំង ហើយក៏ស្ទុះទៅគេងគ្របភួយជិតក្បាល។ បន្តិចក្រោយមកខ្ញុំក៏ក្រលេកទៅកញ្ចក់ទូសម្អាងនោះម្ដងទៀត ស្រាប់តែឃើញមនុស្សស្រីម្នាក់នៅក្នុងកញ្ចក់ ខ្ញុំមើលមុខនាងមិនសូវច្បាស់ដោយសារសក់នាងវែងបាំងជិតមុខ ឃើញតែបបូរមាត់ដែលនាងលាបក្រែមពណ៌ក្រហមដិត ហើយពាក់អាវពណ៌ខ្មៅយកករទៅក្រោយ។ ខ្ញុំបែកញើសជោគ ហើយខំប្រឹងដើរសម្ដៅទៅរកទ្វារបើកចេញទៅក្រៅ។ ខ្ញុំមានអារម្មណ៍ថាភ្នែកដ៏មុតរបស់នាងកំពុងសម្លឹងមកមើលខ្ញុំ ហើយខ្ញុំអត់ហ៊ានងាកទៅរកកញ្ចក់ទូរសម្អាងនោះទេ។ ពេលទាញទ្វារបើក ខ្ញុំស្រាប់តែភ្ញាក់ពីកាយល់សប្តិនោះទៅ។ ភ្ញាក់ឡើងទាញទូរស័ព្ទមកមើលគឺម៉ោង៣ទៀបភ្លឺ ខ្ញុំក៏ក្រលេកទៅកញ្ចក់ទូរសម្អាងនោះ ស្រាប់តែឃើញព្រាលៗមិនសូវច្បាស់តែអាចមើលដឹងថានាងលាបក្រែមក្រហម និងពាក់អាវពណ៌ខ្មៅ។ ខ្ញុំក្ដិចខ្លួនឯងជាច្រើនដង ព្រោះគិតថាយល់សប្តិ តែវាមិនមែនទេ។ ខ្ញុំដើរចូលទៅជិតដើម្បីមើលឲ្យច្បាស់Continue reading “ក្រែមក្រហម”

បន្ទប់គ្រែ២

តាមពិតខ្ញុំមិនចង់ចែករំលែកទេព្រោះគិតថាជារឿងដែលមិនគួរឲ្យជឿ តែកន្លងទៅច្រើនខែហើយវានៅតែដក់ជាប់ក្នុងខួក្បាលខ្ញុំជានិច្ចទើបថ្ងៃនេះខ្ញុំចង់ចែករំលែកឲ្យអ្នកទាំងអស់គ្នាបានដឹង។ កាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅ ខ្ញុំបានចុះបេសកកម្មការងារនៅខេត្តកំពង់ឆ្នាំង ហើយត្រូវសម្រាកនៅទីនោះមួយយប់។ ខ្ញុំបានជួលបន្ទប់មួយក្នុងផ្ទះសំណាក់ដែលស្ថិតនៅស្រុកបរិបូរណ៍ដើម្បីសម្រាក។  បន្ទប់ដែលខ្ញុំជួលនោះនៅជាន់ទី៤មានគ្រែ២ ហើយមើលតាមបង្អួចឃើញភ្នំកង្រីលឹមៗ មិនសូវច្បាស់។ ខ្ញុំចេះតែនឹកដល់ពាក្យដែលចាស់ៗក្នុងភូមិខ្ញុំធ្លាប់និយាយថា ភ្នំកង្រីជាផ្នូរនាងកង្រីស្រ្តីដែលមានភក្ដីស្នេហ៍។ មិនយូរប៉ុន្មាន ពេលយប់ក៏ឈានចូលមកដល់ ម៉ោងប្រហែល៧យប់ខ្ញុំក៏ចុះមកក្រោមដើម្បីរកទិញបាយហូប។ បាយរួចខ្ញុំក៏ឡើងទៅបន្ទប់វិញ សម្រាកមួយសន្ទុះខ្ញុំងូតទឹកហើយ ម៉ោងប្រហែល៨យប់ ខ្ញុំទាញទូរស័ព្ទមកអូសហ្វេសប៊ុកបន្តិចព្រោះអផ្សុកតែអូសចុះអូសឡើងម៉ោង១២យប់ល្មម។ ខ្ញុំក៏បានបញ្ចូលថ្មទូរស័ព្ទរួចក៏រៀបចំគេង តែខ្ញុំមិនបានបិទអំពូលភ្លើងទេ ព្រោះធម្មតាឲ្យតែគេងម្នាក់ឯង ហើយមិនមែនផ្ទះខ្លួនឯងគឺខ្ញុំបើកអំពូលភ្លើងទល់ភ្លឺ។ ខ្ញុំបិទភ្នែកបានបន្តិចស្រាប់តែឮសំឡេងដូចទូរទស្សន៍ដាច់ប៉ុស្តិ៍ ខ្ញុំក៏បើកភ្នែកហើយឃើញទូរទស្សន៍បើក។ ខ្ញុំស្មានតែខ្ញុំគេងលើតេលេទើបទូរទស្សន៍បើក ខ្ញុំក៏រកមើលតេលេនៅលើគ្រែតែមិនឃើញនៅលើគ្រែដែលខ្ញុំគេងសោះ។ ខ្ញុំចាប់ផ្ដើមព្រឺសម្បុរតែនៅតាំងចិត្ត ហើយរកតេលេដើម្បីបិទទូរទស្សន៍។ ខ្ញុំរកនៅលើតុដាក់ទូរទស្សន៍យ៉ាងណាក៏មិនឃើញ តែក្រលេកទៅបែជានៅលើគ្រែមួយទៀតទៅវិញ។ ខ្ញុំក៏យកតេលេមកចុចបិទហើយក៏បិទភ្នែកគេងបន្ត តែរំពេចនោះខ្ញុំស្រាប់តែឮសំឡេងទឹកស្រក់នៅក្នុងបន្ទប់ទឹកដូចជាមានគេប្រើហើយបិទអត់ជិត។ ខ្ញុំក៏ងើបម្ដងទៀតទៅបិទទឹក តែមកដល់ក្នុងបន្ទប់ទឹកអត់មានឃើញទឹកស្រក់ទេ តែខ្ញុំក៏មួលក្បាលរុំប៊ីណេបន្ថែមដើម្បីឲ្យកាន់តែជិត។ ក្រោយមកខ្ញុំក៏បិទភ្នែកគេងម្ដងទៀត ហើយគេងបែមុខទៅជញ្ជាំងស្រាប់តែខ្ញុំមានអារម្មណ៍ថា ដូចជាមានមនុស្សដើរមកគេងនៅលើគ្រែមួយទៀត។ ខ្ញុំក៏បែមកមើលគ្រែមួយនោះតែមិនឃើញមានអ្វីទេ ខ្ញុំក៏សម្ងំគេងបន្ត។ ខ្ញុំគេងលក់មួយស្រលេត ស្រាប់តែបើកភ្នែកតិចៗទៅក៏ឃើញស្រមោលស្ទង់ៗដូចជាមនុស្សស្រីពាក់រូបគេងពណ៌សម្នាក់កំពុងគេងនៅលើគ្រែមួយទៀត។ ខ្ញុំចាប់ផ្ដើមបែកញើសតែក៏មិនហ៊ានស្រែកព្រោះគិតថាខ្ញុំងងុយគេងមើលមិនសូវច្បាស់ ខ្ញុំក៏ងើបដើរទៅយកទឹកផឹកនៅលើតុដាក់ទូរទស្សន៍។ ពេលផឹកហើយខ្ញុំ​រៀងស្វាងបន្តិចក៏ក្រលេកទៅមើលលើគ្រែ តែអត់ឃើញមានអ្វីទេខ្ញុំក៏គេងបន្ត។ ខ្ញុំគេងបែមុខទៅជញ្ជាំងដដែល តែបន្តិចក្រោយមកខ្ញុំក៏បម្រាស់បែមុខមកគ្រែមួយទៀតវិញ​ស្រាប់តែឃើញនាងគេងក្បែរខ្ញុំហើយចាប់ទាញភួយខ្ញុំទៅដណ្ដប់ដែរ។ ខ្ញុំភ័យសឹងលួសព្រលឹងហើយចាប់ទាញភួយមួយទំហឹងស្រាប់តែលែងឃើញនារីម្នាក់នោះទៀត។ ខ្ញុំដកដង្ហើមវែងៗ ហើយយកទូរស័ព្ទមកបើកចម្រៀងស្ដាប់ក៏គេងលក់ទល់ភ្លឺ។ លុះព្រឹកឡើងខ្ញុំក៏បង់លុយផ្ទះសំណាក់ហើយមុនចេញទៅធ្វើការ ខ្ញុំចូលហូបបាយនៅកន្លែងដែលខ្ញុំហូបយប់មិញ។Continue reading “បន្ទប់គ្រែ២”

សុបិន

ក្រោយពីបញ្ចប់សៀវភៅដែលមានចំណងជើងថា សុបិនខ្ញុំក៏នឹកឃើញ​ សរសេរអត្ថបទនេះឡើង។ វាមិនមែនជាការបកស្រាយពីចំណាប់អារម្មណ៍លើសៀវភៅនោះទេ ប៉ុន្តែខ្ញុំស្រាប់តែនឹកឃើញចង់សរសេរពីអារម្មណ៍បន្ទាប់ពីអានសៀវភៅនោះចប់។ ខ្ញុំមិនដឹងថាមានមនុស្សប៉ុន្មាននាក់ដែលប្រាថ្នាចង់​រស់នៅនៅក្នុងក្ដីសុបិនជាងរស់នៅនៅក្នុងជីវិតពិតនោះទេ សម្រាប់ខ្ញុំក៏ធ្លាប់ចង់រស់នៅក្នុងក្ដីសុបិនដែរ។ ខ្ញុំធ្លាប់សុបិនឃើញរឿងដ៏អស្ចារ្យ ពិភពលោកនៅក្នុងសុបិនដ៏ស្រស់ស្អាត ខ្ញុំសប្បាយចិត្តហើយមិនចង់ភ្ញាក់ពីសុបិននោះវិញសោះ។ តើមិត្តអ្នកអានធ្លាប់ទេពេលដែលនៅក្នុងសុបិន ហើយយើងដឹងថាខ្លួនឯងកំពុងតែនៅក្នុងសុបិន? ខ្ញុំធ្លាប់ជួបបែបនេះជាច្រើនដង តាមពិតទៅសុបិនមិនសុទ្ធតែល្អនោះទេពេលខ្លះសុបិនអាក្រក់ ខ្ញុំក៏ប្រាប់ខ្លួនឯងឲ្យឆាប់ភ្ញាក់ពីសុបិនមួយនោះ ប្រហែលជាខ្ញុំទើបនឹងអានសៀវភៅប្រលោមលោករឿងសុបិនចប់ ទើបខ្ញុំគិតថាខ្ញុំអាចបញ្ជាខ្លួនឯងឲ្យចេញពីសុបិនបាន ឬក៏វាជារឿងពិតដែលខ្ញុំអា​ចធ្វើវាបានផងក៏មិនដឹង។ មានពេលខ្លះទៀតខ្ញុំក៏សុបិនឃើញពិភពលោកដ៏ស្រស់បំព្រងនៅក្នុងសុបិន ទេសភាពពោរពេញទៅដោយវាលស្មៅខៀវខ្ចីដូចរូបភាពនៅប្រទេសស្វីសដែលខ្ញុំធ្លាប់ឃើញនៅក្នុងបណ្ដាញសង្គម។ ពេលសុបិនបែបនោះ ខ្ញុំមិនចង់ភ្ញាក់ចេញទៅពិភពខាងក្រៅ ជីវិតពិតដែលពោរពេញទៅដោយរឿងស្មុគស្មាញ បញ្ហាមិនចេះចប់មិនចេះហើយនោះឡើយ។ ដូចនេះទើបពេលសុបិនល្អម្ដងៗ ខ្ញុំប្រាថ្នាឲ្យខ្លួនឯងជាប់នៅក្នុងសុបិនរហូត ជាពិភពដ៏អស្ចារ្យដែលជីវិតពិតមិនដែលផ្ដល់ឱកាសឲ្យខ្ញុំបានចួប។ ប៉ុន្តែខ្ញុំដឹងថាទោះជាពិភពសុបិនស្រស់ស្អាតប៉ុណ្ណា គួឲ្យចង់រស់នៅប៉ុណ្ណាក៏ខ្ញុំមិនអាចរស់នៅទីនោះបានដែរ។ បន្ទាប់ពីបញ្ចប់សៀវភៅប្រលោមលោកបែបអភិនិហារដែលមានចំណងជើងថាសុបិនរួចមក ខ្ញុំលែងនឹកនាដល់ការរស់នៅក្នុងពិភពសុបិន ទោះជាវាស្រស់ស្អាត អស្ចារ្យ តែខ្ញុំចង់រស់នៅក្នុងជីវិតពិតថ្វីត្បិតតែវាពិបាកវេទនា ឬស្មុគស្មាញកម្រិតណាក៏ដោយ។ ជីវិតយើងមានជម្រើស យើងអាចធ្វើឲ្យសុបិនក្លាយជាការពិតជាជាងប្រាថ្នារស់នៅក្នុងពិភពសុបិន ជារូបភាពបំភ័ន្តភ្នែក ឬជាអ្វីដែលខ្លួនឯងប្រតិដ្ឋឡើង។ ដូចពាក្យស្លោកមួយពោលថា ព្យាយាមគង់បានសម្រេច ហ៊ានសុបិន ហ៊ានសម្រេចក្ដីសុបិន។

Get new content delivered directly to your inbox.

Create your website with WordPress.com
Get started