Home

Welcome to my blog!

Travelling is not about wasting money but it is happiness.

love travelling

Latest from the Blog

អស្តង្គត​នៃ​ប្រជា​ជាតិ​មួយ

ស្នាដៃនិពន្ធរបស់លោកជុត ខៃខ្ញុំកម្ររំលងណាស់ គ្រប់សៀវភៅរបស់គាត់ដែលខ្ញុំបានអានសុទ្ធសឹងតែជាស្នាដៃដែលខ្ញុំចូលចិត្ត។ ខ្ញុំបានអានក្មេងសាលាបារាំង ក្មេងវត្តសម័យបារាំង កូនក្របីមនោសញ្ជេតនា ៣២ឆ្នាំក្រោយមក មេម៉ាយប្ដី៥ ហើយគ្រាន់តែឃើញថាគាត់មានស្នាដៃថ្មីខ្ញុំមិនបង្អង់យូរទេ ហើយអស្ដង្គតនៃប្រជាជាតិមួយពិតជាមិនធ្វើឱ្យខ្ញុំខកចិត្តមែន។ ខ្ញុំមិននឹកស្មានថាវណ្ណកម្មដ៏ល្អនេះនៅកប់ទុកក្នុងបណ្ណាល័យរបស់គាត់អស់ពេលដ៏យូរយ៉ាងនេះទេ ហើយបទពណ៌នានៃសៀវភៅនេះគឺនៅដូចដើមការប្រើប្រាស់ពាក្យពេចន៍សាមញ្ញងាយយល់ និងអានជក់ចិត្ត។ អស្ដង្គតនៃប្រជាជាតិមួយ ខ្ញុំអានគ្មានសល់តាំងពីអក្សរលើគម្របសៀវភៅ កំណត់ត្រាបោះពុម្ពផ្សាយ កំណត់ត្រាអ្នកនិពន្ធ អក្សរបាំរាំងដែលខ្ញុំមិនដឹងថាបញ្ជេញសំឡេងយ៉ាងម៉េចក៏ខ្ញុំអាន។ ពេលកំពុងអានគឺដូចជាបានឃើញទិដ្ឋភាពជាក់ស្ដែង ហើយអ្វីដែលខ្ញុំកោតសរសើរនោះគឺគាត់ប្រសព្វក្នុងការផ្លាស់ប្ដូរអារម្មណ៍អ្នកអាន កំពុងកំសត់សុខៗ ក៏អង្គុយសើចវិញ។ អស្ដង្គតនៃប្រជាជាតិមួយរៀបរាប់ពីដំណើរចាកចេញពីក្រុងភ្នំពេញដោយការជម្លៀសចេញរបស់របបកុម្មុយនីសខ្មែរក្រហមដែលពួកវាយកពាក្យប្រជាធិបតេយ្យមកបាំងមុខ។ ក្នុងដំណើរចាកចេញពីក្រុងរបស់លោក លោកបានរៀបរាប់ពីទុកលំបាកនានាដែលលោកបានជួបព្រមទាំងអារម្មណ៍ភ័យខ្លាចក្នុងការរស់នៅក្នុងរបបដ៏ខ្មៅងងឹតនោះ។ សៀវភៅនេះជាសាក្សីប្រវត្តិសាស្រ្តដ៏សំខាន់ដែលយើងអាចស្វែងយល់ពីភាពសាហាវឃោឃៅរបស់ពួកនោះតាមសំណេររបស់អ្នកនិពន្ធ។

គ្មានចំណងជើង

  គិតទៅពីមួយឆ្នាំទៅមួយឆ្នាំពិតជាលឿនមែន ក្រលេកមើលសមិទ្ធផលខ្លួនឯងគ្មានបានដុំកំភួនអីសោះ។ យប់មិញដេកអត់លក់ក៏នឹកឃើញថាខានសរសេរលើ WordPress យូរចឹងចាំព្រឹកចេញអត្ថបទមួយកុំឲ្យកើតសំបុកពីងពាងច្រើនពេក។ អត្ថបទមួយៗសឹងតែមួយឆ្នាំទើបចេញម្ដង ចឹងអ្នកណាបានអានសូមឲ្យសំណាងពេញមួយឆ្នាំដោយមិនបាច់ខំមិន ១៦៨។ ចូលដល់សាច់រឿងវិញ អូ!! អត់មានសាច់រឿងអីទេ ចង់ប្រាប់ថាចូលដល់រឿងដែលចង់និយាយ។ ឆ្នាំ២០២៣ ជីវិតរាងតោកយ៉ាក ហើយទំនេរៗក៏សរសេររឿងខ្លីលេងអានហើយរៀបនឹងផុសតែភ្លាវពេកទុកវិញ។ ជីវិតចង់ក្លាយជាអ្នកនិពន្ធព្រោះតែជីវភាពក៏មកធ្វើការ NGO គិតទៅជីវិតខ្ញុំកំសត់ជាងនាងបដាចារទៅទៀត នាងកើតទុក្ខព្រោះព្រាត់ប្ដី និងកូន ចំណែកខ្ញុំកើតទុក្ខព្រោះព្រាត់ដុល្លារ (តិចគេថាអត់លើកកម្ពស់ប្រាក់រៀល) ព្រាត់ប្រាក់រៀលមួយទៀតទើបកើតទុក្ខ។   យប់មិញម៉ោង១រៀបនឹងដេកទៅហើយក៏នឹកឃើញថាសៀវភៅ៣ក្បាលដែលទិញកាលពីពិព័ណសៀវភៅឆ្នាំមុនដូចអត់ទាន់បានអាន ក៏ទៅរកមើលឃើញសៀវភៅសុទ្ធិកុមារភាពដែលត្រូវគេដកហូត ស្នាមញញឹមអាទិទេព និងមេម៉ាយប្ដី៥ របស់អ្នកនិពន្ធដែលខ្ញុំចូលចិត្ត (ជុត ​ខៃ) ព្រះអើយ! នៅទទេរស្អាតសម្រេចថាស្អែកនឹងអាន។ តាមពិតនៅមានសៀវភៅច្រើនទៀតដែលអត់ទាន់បានអាន តែជ្រួលជ្រើមទៅទិញសៀវភៅថ្មីរហូតហើយចេះតែប្រាប់ថាកាដូលើកទឹកចិត្តខ្លួនឯង (១ឆ្នាំលើកទឹកចិត្តខ្លួនឯង១២ដង និយាយឱ្យចំលើកទឹកចិត្តខ្លួនឯងរាល់ខែ) ដើរលេងផង ទិញផង សប្បាយចិត្តក៏ចាយលុយ កើតទុក្ខក៏ចាយលុយ អត់លុយដេកសេដនៅផ្ទះ។ អត់មានអីនិយាយទៀត សូមចប់ប៉ុណ្ណឹង អត្ថបទនេះរាងវ៉ល់ទៅនេះបន្តិច វ៉ល់ទៅនោះបន្តិចមិនដឹងចង់និយាយពីអីឱ្យច្បាស់បើអ្នកគ្រូឃើញសំណេរនេះប្រាកដជាហួសចិត្តហើយដាក់មួយដៃរាប់មួយជាមិនខាន​ (ខ្ញុំកុហកទេអ្នកគ្រូអត់ចូលចិត្តប្រើអំពើហិង្សាទេតែដែលថាដាក់មួយដៃហ្នឹងខ្ញុំនិយាយបំភ័យខ្លួនឯង)។ ជួបគ្នាអត្ថបទក្រោយ អរគុណសម្រាប់ការអានពីដើមដល់ចប់។

សារ៉ាម៉ានី

​ក្រោយពីមើលរឿងទេពហត្ថា (The perfect motion) ខ្ញុំស្រាប់តែនឹកឃើញដល់រឿង សារ៉ាមានីដែលខ្ញុំបានអានចប់ប្រហែលជា២ឆ្នាំមុន។ រឿង សារ៉ាម៉ានី ជាស្នាដៃនិពន្ធរបស់លោក រ៉ូឡង់ ម៉ឺយែរ ប្រែសម្រួលដោយអ្នកស្រី ច័ន្ទ បូផល បោះពុម្ពផ្សាយនៅគ.ស ១៩៧១។ លោក រ៉ូឡង់ ម៉ឺយែរជាស្វាមីរបស់ សារ៉ាម៉ានី និងជាអតីតចាងហ្វាងសាលា វិចិត្រសិល្បៈប្រចាំប្រទេសកម្ពុជា ដែលលោកបានមករស់នៅ និងបំពេញការងារក្នុងប្រទេសកម្ពុជា ព្រមទាំងបានចេញចូលព្រះបរមរាជវាំងខ្មែរជាញឹកញាប់ ជាហេតុដែលបណ្តាលឱ្យលោកអាចតាក់តែងស្នាដៃរឿងនេះជាភាសាបារាំងនិងបានប្រែសម្រួលប្រកបដោយខ្លឹមសារល្អជ្រាលជ្រៅ ពាក្យពេចជ៍ណែងណង និងបានរៀបរាប់ពីរបៀបរបប និងតថភាពរស់នៅរបស់ប្រជាជនខ្មែរ នាសម័យអាណានិគមបារាំងដែលបង្ហាញឲ្យឃើញពីការរស់នៅតាំងពីវណ្ណៈរាស្ត្រសាមញ្ញ មន្ត្រីរាជការ នាម៉ឺន សព្វមុខមន្ត្រី សេនាបតី កុង្សីយ៍ រហូតដល់ព្រះមហាក្សត្រថែមទៀតផង ជាពិសេសបានរំលេចពីបែបបទរស់នៅ និងជីវិតរបស់សារ៉ាម៉ានី ដែលជាកូនល្ខោនហ្លួងនៅក្នុងព្រះបរមរាជវាំង និងដំណើររឿងដែលនាងធ្លាប់បានឆ្លងកាត់ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ និងក្នុងសម័យអាណានិគមបារាំង។ ខ្ញុំមិនដែលបានអានសៀវភៅដែលសរសេររៀបរាប់ច្បាស់ៗ និងរឿងអវិជ្ជមានរបស់ស្ដេចខ្មែរដូចសៀវភៅនេះឡើយ។ ដូច្នេះរឿងនេះវាប្លែកណាស់សម្រាប់ខ្ញុំ ហើយខ្ញុំក៏ចូលចិត្តសាច់រឿង និងការនិទានពីដំណើររឿងរបស់អ្នកនិពន្ធដែរ។ ខ្ញុំចាំមិនសូវច្បាស់ព្រោះអានចប់យូរហើយ តែអាចចាំបានថាសារ៉ាម៉ានីជានារីសាមញ្ញម្នាក់បានមករស់នៅ និងហាត់រាំនៅក្នុងវាំង។ ក្រុមរបស់នាងតែងតែចេញសម្ដែងតាមពិធីធំៗរហូតល្បីល្បាញ និង​បានចេញសម្ដែងនៅឯស្រុកបារាំង។ ​

Get new content delivered directly to your inbox.

Design a site like this with WordPress.com
Get started